ភ្នំពេញ៖ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានផ្ញើលិខិតអបអរសាទរ  ជូនចំពោះ ឧកញ៉ា ឡាយ ឈុនហួ សមាជិក នៃសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសដែល ឧកញ៉ា ត្រូវបានជាប់ជា «ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥» ដោយទទួលបានសំឡេងគាំទ្រចំនួន ១១៦ លើ ១១៧សំឡេងពីសមាជិកសកម្មនៅក្នុងមហាសន្និបាតសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤ និងការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ, ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជា សម្រាប់អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។ 

នៅក្នុងលិខិត លោកអ្នកឧកញ៉ា លី យ៉ុងផាត់ បានបញ្ជាក់ថា ការទទួលបានតួនាទីដ៏សំខាន់នេះ គឺពិតជាស័ក្តិសមបំផុតចំពោះ ឧកញ៉ា ហើយយើងខ្ញុំជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយឆន្ទៈមោះមុត និងស្មារតីទទួលខុសត្រូវខ្ពស់របស់ ឧកញ៉ា សហព័ន្ធស្រូវអង្ករកម្ពុជានឹងទទួលបានភាពជោគជ័យ និងរីកចម្រើនជាលំដាប់ ជាពិសេសសម្រេចបាននូវសមិទ្ធិផលជាច្រើនបន្ថែមទៀតដើម្បីចូលរួមគាំទ្រក៏ដូចជាជំរុញនូវកំណើនសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។